YouTube បង្ហាញមុខងារស្វែងរកថ្មីដែលប្រើ AI សម្រាប់អ្នកប្រើប្រាស់ Premium
ថ្មីៗនេះ YouTube បានចាប់ផ្តើមបង្ហាញការសង្ខេបវីដេអូដែលបង្កើតដោយ AI (បញ្ញាសិប្បនិម្មិត) នៅក្នុងលទ្ធផលស្វែងរក ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចឃើញមុខងារនេះទេ។ សម្រាប់ពេលនេះ វាមានសម្រាប់តែអ្នកប្រើប្រាស់ Premium នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ប្រសិនបើអ្នកស្វែងរកវីដេអូទាក់ទងនឹងការទិញទំនិញ ការធ្វើដំណើរ ឬទីកន្លែងកម្សាន្តផ្សេងៗ អ្នកអាចនឹងឃើញផ្នែកថ្មីមួយនៅខាងលើគេដែលមានឈ្មោះថា “Highlights” (ចំណុចសំខាន់ៗ)។ នៅក្នុងផ្នែកនោះ នឹងបង្ហាញវីដេអូខ្លីៗជាជួរ ដែលមានចំណងជើង និងការសង្ខេបខ្លឹមសារដោយ AI។ អ្នកអាចអូសមើលវីដេអូទាំងនោះ មើលការបង្ហាញខ្លីៗ (previews) ឬចុចដើម្បីចូលមើលវីដេអូពេញតែម្តង។ គោលបំណងនៃមុខងារនេះគឺដើម្បីជួយឱ្យអ្នកសម្រេចចិត្តថាតើគួរមើលវីដេអូមួយណាបានកាន់តែលឿន។
ប៉ុន្តែសូមបញ្ជាក់ថា មុខងារនេះមិនបង្ហាញរាល់ការស្វែងរកនោះទេ។ ក្រុមហ៊ុន YouTube បានឱ្យដឹងថា វាអាស្រ័យលើប្រធានបទដែលអ្នកស្វែងរក។
ជាមួយគ្នានេះដែរ ពួកគេក៏កំពុងសាកល្បងមុខងារ AI Chat ជាមួយអ្នកប្រើប្រាស់កាន់តែច្រើនផងដែរ។ នេះគឺជាមុខងារដែលអនុញ្ញាតឱ្យអ្នកចុចប៊ូតុង “Ask” (សួរ) នៅក្រោមវីដេអូ ដើម្បីទទួលបានចម្លើយរហ័ស ឬសួរសំណួរផ្សេងៗអំពីខ្លឹមសារដែលអ្នកកំពុងទស្សនា។ មុខងារនេះត្រូវបានដាក់ឱ្យប្រើកាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់កាន់តែច្រើននៅសហរដ្ឋអាមេរិកអាចសាកល្បងវាបាន ទោះបីជាមិនបានជាវសេវាកម្ម Premium ក៏ដោយ។
សរុបមក YouTube កំពុងបន្ថែមមុខងារ AI កាន់តែច្រើន ប៉ុន្តែការប្រើប្រាស់មុខងារទាំងនេះនៅមានកម្រិតនៅឡើយ។

